ប្រសិនបើអ្នកមានលុយច្រើននៅក្នុងដៃហើយនោះ បញ្ហារឿងហិរញ្ញវត្ថុលែងជារឿងឈឺក្បាលរបស់អ្នកហើយ ប៉ុន្តែបើមិនដូច្នេះទេនោះ រឿងហិរញ្ញវត្ថុនៅតែជារឿងឈឺក្បាលដដែរ។ ដូចនេះតើអ្នកធ្លាប់គិតទេថាការចំណាយរបស់អ្នកក្នុងការ ទិញទំនិញពិតជាត្រឹមត្រូវគ្រប់រឿងហើយមែនទេ? ហើយតើចំណូលដែលអ្នករកបានសមាមាត្រនឹងចំណាយរបស់អ្នកដែរឬទេ? តើអ្នកបានគ្រប់គ្រងចំណូលនិងចំណាយរបស់អ្នកបានល្អហើយឬនៅ?​​ ប្រសិនបើអ្នកមិនទាន់បានគ្រប់គ្រងវាបានល្អទេ អ្នកអាចសាកល្បងតាមវិធីខាងក្រោមនេះបាន៖
ធ្វើកំណត់ហេតុគ្រប់ការចំណាយ

ដើម្បីអោយការគ្រប់គ្រងចំណូល និងចំណាយរលូនទៅមុខបានល្អ អ្នកគួរតែ ធ្វើកំណត់ហេតុចំពោះការចាយវាយរបស់អ្នកជាប្រចាំពីមួយខែទៅមួយខែ។ កាលដែលធ្វើដូច្នេះយួរៗទៅអ្នកនឹងមានទម្លាប់ក្នុងការតាមដានប្រាក់របស់អ្នក ហើយអ្នកនឹងដឹងពីវិធីដែលធ្វើឱ្យការចាយវាយរបស់អ្នកមានសមតុល្យផងដែរ។ ហើយអ្នកត្រូវប្រាកដថាការកត់ត្រារបស់អ្នកបានត្រឹមត្រូវនិងគ្រប់ចំនួន ទៅលើចំណូល និងចំណាយទាំងអស់នោះ។
បែងចែកឱ្យច្បាស់
ដើម្បីរឹតតែមានភាពងាយស្រួល និងកាន់តែច្បាស់ អ្នកត្រូវធ្វើការ កត់ត្រាចំណូលជាផ្នែកនីមួយៗ ដូចជា៖ ប្រភពនៃចំណូល, ចំនួនប្រាក់ដែលទទួលបានពីចំណូលនីមួយៗ (បើអ្នកមានចំណូលច្រើនច្រក)។ ចំពោះការចំណាយវិញដូចគ្នា ត្រូវរៀបចំទៅតាមផ្នែកផ្សេងៗទៀត ដូចជា៖ ក្នុង១ខែៗ តើអ្នកចំណាយទៅណាខ្លះ? (បែងចែករបស់ចាំបាច់ និងមិនចាំបាច់ផ្សេងៗពីគ្នា)៕