ដូច​ដែល​គ្នា​យើង​ដឹង​ហើយ​ថា ចាប់​ពី​ខែ​មេសា ដល់​ខែ​ឧសភា សីតុណ្ហភាព​នឹង​ហក់​ឡើង​ដល់​ជាង ៤០ អង្សារសេ ធ្វើ​ឲ្យ​មនុស្ស​សត្វ​ពិបាក​ទ្រាំ ងាយ​នឹង​មាន​បញ្ហា​សុខភាព ប្រសិន​បើ​ញ៉ាំ​ចំណី​អាហារ ផ្តេសផ្តាស ខ្វះ​អនាម័យ។
កន្លង​មក​ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន មិនត្រូវញ៉ាំ​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​កាន់​តែ​ធ្ងន់ធ្ងរ។​
– ស្រា៖ ការ​ផឹក​ស្រា-ស្រាបៀរ​​ពេល​អាកាស​ធាតុ​ក្តៅ​បង្ក​​ឲ្យរាង​កាយ​យើង​​​បាត់​បង់​​ជាតិ​​ទឹក ពីព្រោះ​ស្រា​ធ្វើឲ្យ​យើង​បញ្ចេញ​ជាតិ​ទឹក​ច្រើន​តាម​រយៈ​ការ​នោម។
– ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន៖ ញ៉ាំ​​ភេសជ្ជៈ​ផ្អែម​ខ្លាំង​នាំ​​ឲ្យ​​បាត់​បង់​​ជាតិ​​ទឹក ដោយសារ​ជាតិស្ករ​ចូល​ច្រោះ​តាម​តម្រង​​នោម ធ្វើ​ឲ្យ​ទាញ​ជាតិ​ទឹក ដូច្នេះ​ងាយ​នឹង​បាត់បង់​ជាតិ​ទឹក​ពី​ក្នុងខ្លួន។
– ភេសជ្ជៈ​ត្រជាក់​ខ្លាំង៖ កំពុង​តែ​ក្តៅ​ខ្លាំង ស្រាប់​តែ​យើង​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង​នោះ អាចឲ្យ​យើង​មាន​បញ្ហា​បំពង់ក ឈឺទ្រូង ឈឺពោះ​ជាដើម។
– អាហារ​ក្តៅ និងប្រៃ៖ ធ្វើឲ្យ​ទាញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ច្រើន។
– ញ៉ាំ​អាហារច្រើន​ពេក៖ នាំ​​ឲ្យ​​​រាងកាយ​កាន់​តែ​កើនក​ម្តៅ។
អកាសធាតុ​ក្តៅ​​ងាយ​នឹង​រាករូស​បំផុត ដូច្នេះ​ហើយ​ក្រៅពី​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ យើង​ត្រូវ​មាន​អនាម័យ​ជានិច្ច និង​ត្រូវ​ញ៉ាំ​ទឹក​ឆ្អិន​ឲ្យ​បាន​ច្រើន។